News information | aligo.com.kh
Create Your World
X You has been :
X You has been :

គុណប្រយោជន៍សុខភាព ៧យ៉ាង ដែលអ្នកនឹងទទួលបានពីការផឹកតែបៃតងមួយពែងក្នុងមួយថ្ងៃ


តែបៃតងដែលអ្នកឆុងខ្លួនឯងនៅផ្ទះ មិនត្រឹមតែជួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ប្រសិនបើអ្នកផឹកវាមួយពែងក្នុងមួយថ្ងៃ។ តើអ្នកដឹងទេ ថាតែបៃតងមានសារៈសំខាន់អ្វីខ្លះចំពោះសុខភាព?

១. ជួយឲ្យឆ្អឹងរឹងមាំ

តែបៃតងមានមុខងារក្នុងការជួយដល់ឆ្អឹង កាត់បន្ថយបញ្ហាពុកឆ្អឹង បានដល់ទៅ៣០% សម្រាប់មនុស្សស្រី នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ Journal Nutrition Research

២. កាត់បន្ថយកម្រិតកូឡេស្រ្តរ៉លនៅក្នុងរាងកាយ

ការផឹកតែបៃតងជាប្រចាំ ពិតជាអាចកាត់បន្ថយជាតិកូឡេស្រ្តរ៉លនៅក្នុងរាងកាយ និងមានភាពល្អប្រសើរ ជាងអ្នកដែលមិនបានផឹកទាល់តែសោះ។


៣. ការពារសុខភាពអញ្ចាញនិងធ្មេញ

តាមការសិក្សាស្រាវជ្រាវ ក្នុងប្រទេសជប៉ុនបានបង្ហាញថា ការផឹកតែបៃតងជាប្រចាំថ្ងៃ អាចជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺដែលទាក់ទងជាមួយនឹងសុខភាពអញ្ចាញនិងធ្មេញ បានយ៉ាងល្អ។

៤. កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង

ការផឹកតែបៃតងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សម្រាប់ការសិក្សាទៅលើជនជាតិជប៉ុនចំនួន៤ម៉ឺននាក់ លទ្ធផលបានបង្ហាញថា សម្រាប់អ្នកតែបានផឹកតែបៃតង យ៉ាងហោចណាស់ ៥ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ដល់ទៅ២៦%។ 

៥. ការពារជំងឺមហារីក

តាមការសិក្សារបស់សាកលវិទ្យាល័យ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Maryland  បានបញ្ជាក់ថា សម្រាប់អ្នកដែលតែងនិយមផឹកតែបៃតងជាប្រចាំ ដូចជាជនជាតិជប៉ុនជាដើម ពួកគេមានអត្រាហានិភ័យទាបបំផុត ក្នុងការកើតជំងឺមហារីក នៅពេលមានវ័យកាន់តែច្រើន។ នេះគឺដោយសារតែ នៅក្នុងតែបៃតង ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។


៦. ជួយរក្សាទម្ងន់

សម្រាប់មនុស្សស្រីដែលមានបំណងចង់ថែរក្សាគ្រប់គ្រងទម្ងន់ឲ្យបានល្អ គួរព្យាយាមផឹកតែបៃតងជាប្រចាំ ព្រោះវាអាចជួយកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយនិងការពារមិនឲ្យលើសទម្ងន់ផងដែរ។

៧. ជួយឲ្យរាងកាយពោរពេញដោយភាពស្រស់ស្រាយ

មានមនុស្សមួយចំនួន និយមចូលចិត្តផឹកតែបៃតងនៅពេលព្រឹក ព្រោះវាជាពេលវេលាមួយ ដែលជួយផ្តល់ភាពស្រស់ស្រាយដល់រាងកាយរបស់អ្នក និងមានប្រសិទ្ធភាព មិនចាញ់ការផឹកការហ្វេនោះឡើយ៕