៤ វិធី កម្ចាត់ស្នាមមុន និងបញ្ហាមុនចេញពីខ្នងឲ្យអស់
តើអ្នកកំពុងតែកើតមុនខ្នងមែនទេ? ប្រហែលជាអ្នកកំពុងតែមានការព្រួយបារម្ភហើយ ប្រសិនបើអ្នកកំពុងតែមានបញ្ហាទាំងនោះ។ ចង់បានខ្នងរលោង ស្អាត និងងាយស្រួលពាក់រ៉ូបឬអាវវាលខ្នង គួរដឹងវិធី ៤ យ៉ាងដូចខាងក្រោម។
មួលហេតុដែលបណ្តាលឲ្យកើតមុន រួមមានកត្តាច្រើនយ៉ាងដូចជា៖
- ស្លៀកសម្លៀកបំពាក់ដែលរឹបតឹងខ្លាំងពេក ឬគ្មានខ្យល់អាចចេញចូលបាន។
- ប្រើសាប៊ូកក់សក់ដែលមានសារធាតុគីមីបង្កឲ្យកើតមុន។
- អ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួល។
- ផលប៉ះពាល់ដោយសារការលេបថ្នាំ ដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តជាដើម។
វិធីកម្ចាត់មុន ៤ យ៉ាង៖
១. ប្រើអំបិលលាយជាមួយក្រូចឆ្មារដើម្បីខាត់ស្បែក
វិធីងាយៗគឺដោយគ្រាន់តែ យកអំបិលលាយគ្នាជាមួយនឹងក្រូចឆ្មារ ហើយខាត់ស្បែកខ្នង ទុកចោលពី ១០-១៥ នាទី រួចលាងទឹកចេញជាការស្រេច។ ធ្វើបែបនេះម្តងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ ដើម្បីការពារស្បែកមិនឲ្យប្រតិកម្ម ព្រោះក្រូចឆ្មារមានជាតិអាស៊ីត ដែលអាចបង្កឲ្យស្បែករមាស់ឬរលាក។
២. លាបប្រទាលកន្ទុយក្រពើលើខ្នងរាល់ថ្ងៃ
សម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្មគួរប្រើវិធីមួយនេះ ព្រោះប្រទាលកន្ទុយក្រពើមានមុខងារជួយផ្តល់សំណើមស្បែក កាត់បន្ថយបញ្ហារោលរមាស់ ស្នាមក្រហម និងព្យាបាលរបួសបានយ៉ាងឆាប់រហ័ស។ អាចប្រើប្រាស់ប្រទាលកន្ទុយក្រពើធម្មជាតិឬជ្រើសរើសប្រភេទដែលគ្មានបន្ថែមក្លិនទឹកអប់ ទើបល្អសម្រាប់ស្បែកខ្នងដែលកើតមុន។ គួរលាបរាល់ថ្ងៃនៅពេលព្រឹកនិងពេលយប់។
៣. លាបគ្រីមកាត់បន្ថយស្នាម
នេះគឺជាវិធីសំខាន់មួយទៀតដែលអ្នកមិនគួរមើលរំលង ព្រោះវាអាចបង្ហាញចេញពីប្រសិទ្ធភាពក្នុងរយៈពេល ២សប្តាហ៍។ អ្នកអាចប្រើប្រាស់ប្រភេទគ្រីមកាត់បន្ថយស្នាមដែលមានដាក់លក់នៅក្នុងផ្សារទំនើប ហ្វាម៉ាស៊ី ឬហាងលក់ទំនិញផ្សេងៗ ដែលមានអ្នកជំនាញណែនាំប្រាប់ច្បាស់លាស់មុននឹងប្រើ។
៤. បោគគក់សម្លៀកបំពាក់ឲ្យបានស្អាត និងឧស្សាហ៍ផ្លាស់ប្តូរកម្រាលពូក
ខំប្រឹងថែទាំស្បែកខ្នងដោយផលិតផលច្រើនយ៉ាងណាក៏ដោយ
ប្រសិនបើអ្នកមិនយកចិត្តតុកដាក់ចំពោះអនាម័យសម្លៀកបំពាក់និងកម្រាលពូកនោះទេ
បញ្ហាមុនខ្នងពិតជាពិបាកម្ចាត់ខ្លាំងណាស់។
ជ្រើសរើសសម្លៀកបំពាក់ដែលអាចមានខ្យល់ចេញចូលគ្រប់គ្រាន់
និងផ្លាស់ប្តូរកម្រាលពូកយ៉ាងហោចណាស់ ២ដងក្នុងមួយខែ។
ជាពិសេសអ្នកក៏គួរតែជ្រើសរើសសាប៊ូបោកគក់បែបស្រាលមិនប៉ះពាល់ដល់សុខភាពស្បែក៕



