ហេតុអ្វីនៅពេលដែលអង្គុយធ្វើការមុខកំព្យូទ័តយូរ ធ្វើឲ្យស្បែកស្រអាប់មិនស្រស់ថ្លា
មានមនុស្សជាច្រើនណាស់សព្វថ្ងៃនេះ ដែលត្រូវអង្គុយធ្វើការនៅមុខកំព្យូទ័រយូរម៉ោង លុះដល់ពេលត្រលប់មកផ្ទះវិញ ជាពិសេសពេលភ្ញាក់ពីគេងតែម្តង អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាស្បែកមុខមានសភាពមិនស្រស់ថ្លាទាល់តែសោះ?

អស់ចម្ងល់ហើយ
ព្រោះខាងក្រោមនេះគឺជាមូលហេតុបញ្ជាក់ច្បាស់ៗ។
តើពន្លឺចេញពីកំព្យូទ័រអាចបង្កគ្រោះថ្នាក់ដល់ស្បែកដែរឬទេ??
ពន្លឺដែលចេញពីអេក្រង់កំព្យូរទ័រ ទូរស័ព្ទដៃ និងទូរទស្សន៍ សុទ្ធតែបង្កហានិភ័យចំពោះស្បែក មិនចាញ់ពន្លឺព្រះអាទិត្យនោះទេ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ពន្លឺចេញពីឧបករណ៍គ្រឿងអេឡិចត្រូនិកទាំងនោះ មានផ្ទុកនូវពន្លឺពណ៌ខៀវម្យ៉ាង ដែលអាចបណ្តាលឲ្យស្បែកស្រអាប់ លេចចេញស្នាមអុចខ្មៅ និងធ្វើឲ្យស្បែកពិបាកក្នុងការផលិតកូឡាជែនឡើងវិញ។ ភាពខុសគ្នានោះ គឺពន្លឺពណ៌ខៀវនោះ មិនធ្វើឲ្យស្បែកក្រហមដូចជាពន្លឺព្រះអាទិត្យនោះទេ។

ការអង្គុយធ្វើការនៅមុខកំព្យូទ័រ ធ្វើឲ្យស្បែកប៉ះជាមួយនឹងកាំរស្មី UVA និងរលកសកម្ម។ កាលណាអ្នកអង្គុយធ្វើការកាន់តែយូរ ស្បែករបស់អ្នកនឹងប្រែជាស្ងួតហើយគ្រើម។ សូម្បីតែអ្នកដែលមានប្រភេទស្បែកប្រេងក៏ដោយ ក៏អាចបណ្តាលឲ្យស្ងួតគ្មានសំណើមគ្រប់គ្រាន់ផងដែរ។
បច្ចុប្បន្ននេះ មានមនុស្សប្រមាណ ៣០% អង្គុយធ្វើការជាង ១០ម៉ោង ក្នុងមួយថ្ងៃ ហើយ ៦០%ទៀត អង្គុយធ្វើការជាង ៩ ម៉ោង ក្នុងមួយថ្ងៃ ដូច្នេះហើយ ការថែរក្សាការពារស្បែកជារឿងសំខាន់ចាំបាច់ខ្លាំងណាស់។
តើគួរថែរក្សាស្បែកបែបណា នៅពេលដែលអ្នកត្រូវអង្គុយធ្វើការមុខកំព្យូទ័រជាប្រចាំ?

– រកពេលងើបចេញពីមុខកំព្យូទ័រខ្លះ៖
គួរសម្រាកពីមុខកំព្យូទ័ររយៈពេល
១០នាទី ធ្វើបែបនេះម្តងក្នុង ១ ម៉ោង
ដើម្បីការពារស្បែកមិនឲ្យរងផលប៉ះពាល់ខ្លាំងពីពន្លឺគ្រឿងអេឡិចត្រូនិកទាំងនោះ។
– ញ៉ាំអាហារដែលល្អសម្រាប់សុខភាព
និងផឹកទឹកឲ្យបានគ្រប់គ្រាន់៖ គួរថែរក្សាស្បែកឲ្យស្រស់ស្អាតចេញពីខាងក្នុង
ដោយផ្តល់នូវអាហារល្អៗសម្រាប់រាងកាយ ជាពិសេសញ៉ាំបន្លែផ្លែឈើ
ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ឬផឹកតែបៃតង
ក៏អាចជួយបណ្តេញជាតិពុលពីក្នុងរាងកាយបានដែរ។
– លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ វាជារឿងចាំបាច់បំផុត ដែលអ្នកត្រូវលាបឡេឬគ្រីមការពារកម្តៅថ្ងៃ ដែលមានជាតិ SFP 30 ឬខ្ពស់ជាងនេះកាន់តែល្អ ដើម្បីការពារស្បែកមិនឲ្យរងការខូចខាត ពីកាំរស្មី UVA និង UVB៕




