កំហុស ៥ យ៉ាងគួរចៀសវាង ក្រោយពេលត្រលប់មកពីហាងម៉ាស្សាមុខ
មូលហេតុដែលអ្នកទៅកន្លែងស្ប៉ាឬម៉ាស្សាមុខ ច្បាស់ជាចង់ឲ្យសម្រស់ស្រស់ស្អាតជាងមុន ដូច្នេះហើយប្រសិនបើមិនចង់ខ្ជះខ្ជាយលុយនោះទេ ក្រោយពេលត្រលប់មកពីហាងម៉ាស្សាមុខវិញ គួរចៀសវាង កំហុស ៥ យ៉ាងនេះ។
១. ប្រើផលិតផលបិតបាំងអាការៈហើម ឬស្បែកមុខក្រហម
បន្ទាប់ពីម៉ាស្សាមុខ អ្នកច្បាស់ជាឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ខាត់ស្បែក បូមមុន ញិចមុន...ដូច្នេះហើយស្បែកមុខច្បាស់ជាមានអាការៈក្រហម ឬមានសភាពហើមបន្តិចបន្តួច ដែលត្រូវការពេលវេលាទម្រាំបាត់ទៅវិញ។ មានមនុស្សជាច្រើនចង់បិតបាំងបញ្ហាលើផ្ទៃមុខ ដោយប្រើម្សៅទ្រនាប់ ឬម្សៅហុយយ៉ាងក្រាស់។ យ៉ាងណាមិញ ការធ្វើបែបនេះទាំងដែលមុខមិនទាន់ជាសះស្បើយ ប្រៀបបានដូចជាអ្នកបានកំពុងតែធ្វើឲ្យរន្ធញើសស្ទះដោយសារប្រេង ធូលី និងគ្រឿងសម្អាង ហើយស្បែកមុខនឹងកាន់តែយ៉ាប់ជាងមុនទៅទៀត។ ហេតុនេះគួរទុកពេលវេលាឲ្យស្បែកមុខជាសះស្បើយជាមុនសិន។
២. លាបផលិតផលថែរក្សាស្បែកបន្ទាប់ពីម៉ាស្សាមុខរួច
នេះមិនមែនជាវិធីដ៏ល្អឡើយ មានតែធ្វើឲ្យអ្នកខ្ជះខ្ជាយផលិតផលដោយមិនដឹងខ្លួន។ ប្រសិនបើអ្នកទៅហាងធ្វើការម៉ាស្សាមុខនៅពេលល្ងាច អ្នកអាចទុកឲ្យស្បែកមុខនៅទទេ ចាំដល់ពេលព្រឹកសឹមលាបផលិតផលថែរក្សាស្បែកតាមក្រោយទើបល្អ។ នៅកន្លែងម៉ាស្សាមុខ អ្នកជំនាញប្រាកដជាប្រើប្រាស់នូវជំហានថែរក្សាស្បែករួចជាស្រេចហើយ ដូច្នេះគួរទុកឲ្យសារធាតុល្អៗទាំងនោះជ្រាបចូលទៅក្នុងស្រទាប់ស្បែកឲ្យបានល្អ។
៣. មិនលាបគ្រីមការពារកម្តៅថ្ងៃ
នៅកន្លែងម៉ាស្សាមុខ ស្បែកមុខត្រូវបានធ្វើការដុសខាត់រួចមកហើយ ដូច្នេះមិនគួរដុសខាត់នៅផ្ទះដោយខ្លួនឯងទៀតទេ លុះត្រាតែបាន ២-៣ ថ្ងៃសិន។ ម្យ៉ាងវិញទៀត អ្នកមិនគួរភ្លេចលាបគ្រីមការពារកម្តៅថ្ងៃ ដើម្បីការពារស្បែកឲ្យនៅតែក្មេងវ័យ និងជួយបណ្តុះកោសិកាថ្មី។ ស្បែកមុខដែលទើបតែញិចមុន ឬដើរម្ជុលម៉ាស្សា គឺតែងតែមានសភាពឆាប់ប្រតិកម្ម ដូច្នេះគួរចៀសវាងមិននៅក្រោមកម្តៅថ្ងៃយូរពេលទេ។
៤. ចូលចិត្តញិចមុនដែលទើបនឹងចេញលើស្បែកមុខ
ក្នុងអំឡុងពេល ៣ ថ្ងៃ បន្ទាប់ពីទៅហាងស្ប៉ា មុននឹងកើតមានកាន់តែច្រើននៅលើស្បែកមុខ។ យ៉ាងណាក៏ដោយ មិនគួរភ្ញាក់ផ្អើលឡើយ ព្រោះវាជារឿងធម្មតាសម្រាប់ស្បែកប្រតិកម្ម។ គួរបណ្តោយឲ្យមុនចេញមកដោយឯងៗ មិនត្រូវយកដៃប៉ះផ្តេសផ្តាស ព្រោះវាអាចធ្វើឲ្យស្បែកមុខចេញមុនកាន់តែច្រើន។
៥. ទៅហាងស្ប៉ារាល់ថ្ងៃ
នៅពេលទៅហាងស្ប៉ាឬម៉ាស្សាមុខ
ស្បែករបស់អ្នកនឹងមានភាពប្រសើរឡើងជាងមុន
ប៉ុន្តែនេះក៏មិនមែនមានន័យថាអ្នកត្រូវទៅរាល់ថ្ងៃនោះដែរ។ យល់ល្អគួរទៅ ១-២ ដង
ក្នុងមួយសប្តាហ៍គ្រប់គ្រាន់ណាស់ទៅហើយ៕



