៤ តិចនិកគួរប្រើពេលលាបម៉ាស្ការ៉ា ដើម្បីធ្វើឲ្យរោមភ្នែកកាន់តែវែងទាក់ទាញ កែវភ្នែកមើលទៅធំស្រលះស្រស់ស្អាត
របៀបតុបតែងមុខឲ្យមើលទៅស្រស់ស្អាត គឺអាស្រ័យទៅលើផ្នែកណាមួយដែលអ្នកផ្តោតសំខាន់ចង់ឲ្យវាកាន់លេចធ្លោ។ ថ្ងៃនេះដែរ យើងនឹងបង្ហាញប្រិយមិត្តទាំងអស់គ្នា ពីតិចនិកងាយៗ ដែលមិត្តៗនារីអាចយកទៅប្រើប្រាស់នៅពេលលាបម៉ាស្ការ៉ា ប្រសិនបើចង់ឲ្យរោមភ្នែកកាន់តែវែងក្រាស់ កែវភ្នែកមើលទៅធំស្រលះស្រស់ស្អាត។
១. ប្រើម៉ាស្ការ៉ាដែលមានមុខជក់ខុសៗគ្នា

ម៉ាស្ការ៉ានីមួយៗមានមុខងារពិសេសផ្សេងៗគ្នា ដូចជាជួយឲ្យរោមភ្នែកមើលទៅក្រាស់ជាងមុន វែងជាងមុន ឬងរជាងមុនជាដើម។ ការប្រើប្រាស់ម៉ាស្ការ៉ាដែលមានមុខជក់ខុសៗគ្នា ធ្វើឲ្យរោមភ្នែកកាន់តែស្រស់ស្អាតមួយកម្រិតទៀត។ ដោយគ្រាន់តែអ្នកលាបមួយជាន់ ហើយទុកឲ្យស្ងួតបន្តិចសិន ទើបផ្លាស់ប្តូរទៅប្រើប្រាស់មុខជក់មួយផ្សេងទៀត។
២. អូសឡើងលើ ២-៣ ដង

តិចនិកនេះប្រហែលជាមានមនុស្សជាច្រើនតែងតែធ្វើជាប្រចាំ។ វាក៏មានភាពស្រដៀងគ្នាជាមួយនឹងតិចនិកខាងលើដែរ។ អ្នកត្រូវអូសម្តង ហើយចាំឲ្យម៉ាស្ការ៉ាស្ងួតបន្តិច ចាំលាបអូសឡើងលើម្តងទៀត។
៣. ប្រើប្រាស់កម្តៅនៅលើប្រដាប់ពត់រោមភ្នែក

អ្នកអាចប្រើម៉ាស៊ីនផ្លុំសក់ ឬដែកកេះក៏បាន ដាក់វាឲ្យក្តៅនៅលើប្រដាប់ពត់រោមភ្នែក ទុកចោលឲ្យវាត្រជាក់បន្តិចការពារកុំឲ្យរលាក សឹមយកទៅពត់នៅលើរោមភ្នែកជាការស្រេច។ ការធ្វើបែបនេះរោមភ្នែកនឹងមានភាពស្រស់ស្អាត ងរខ្លាំងជាងមុននិងជាប់បានយូរទៀតផង។
៤. ប្រើខ្មៅដៃគូរភ្នែកបន្ថែម

ប្រើខ្មៅដៃគូរភ្នែកបន្ថែម
ហើយគូរឲ្យកៀកនឹងរោមភ្នែក ហើយអូសចេញមកខាងក្រៅកន្ទុយភ្នែកបន្តិច
ភ្នែករបស់អ្នកនឹងមើលទៅកាន់តែធំ រោមភ្នែកកាន់តែវែងស្រស់ស្អាត៕



